មានមិត្តភក្តិខ្ញុំម្នាក់នៅសៀមរាប បានប្រាប់ខ្ញុំអំពីសាច់រឿងជាច្រើន ដែលគាត់បានឃើញដោយផ្ទាល់ ជនរងគ្រោះចាញ់បោក និងរងគ្រោះដោយសារជនបង្កហេតុដែលកំពុងរីករាលដាល ដោយមិនទាន់មានដំណោះស្រាយច្បាស់លាស់។ ពេលនោះ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា រឿងនេះមិនគួររក្សាទុកជារឿងឯកជនទៀតទេ ប៉ុន្តែគួរត្រូវបានចែករំលែកទៅសាធារណៈជន។
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ខ្ញុំក៏បានឮ និងបានជួបករណីជាក់ស្តែងជាច្រើនដែរ។ មនុស្សខ្លះបាត់លេខទូរស័ព្ទ មនុស្សខ្លះបាត់ Facebook មនុស្សខ្លះបាត់ Telegram ហើយមានករណីធ្ងន់ៗ គឺបាត់លុយក្នុង App ធនាគារ។ អ្វីដែលធ្វើឲ្យខ្ញុំព្រួយបារម្ភបំផុត គឺជនរងគ្រោះភាគច្រើន មិនមែនជាមនុស្សមិនប្រុងប្រយ័ត្ន ឬមិនយកចិត្តទុកដាក់ទេ ប៉ុន្តែជាមនុស្សធម្មតា ដែលគ្រាន់តែ “ជឿ” ពាក្យថា Update ប្រព័ន្ធ 5G ប៉ុណ្ណោះ។
អ្វីដែលខ្ញុំបារម្ភខ្លាំងជាងគេ គឺចាស់ៗ អ៊ុំពូមីង ឬបងប្អូនដែលតាមមិនទាន់បច្ចេកវិទ្យា ដែលអាចហៅបានថា ជា “អនក្ខរជនឌីជីថល”។ នេះជារឿងដែលខ្ញុំតែងតែបារម្ភមកតាំងពីដើម ហើយក៏ជាមូលហេតុសំខាន់មួយដែលធ្វើឲ្យខ្ញុំមិនអាចមើលរំលងរឿងនេះបាន។
ខ្ញុំសម្រេចចិត្តធ្វើវីដេអូមួយ អំពីបោកប្រាស់ក្លែងបន្លំជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ ដែលអះអាងថាជួយ “Update 5G” ហើយស្នើឱ្យផ្តល់លេខកូដ OTP។ ជនខិលខូចប្រើប្រាស់គ្រប់វិធីដើម្បីបោកបញ្ចោត ពិសេសការតាមការពេញនិយមនៃបច្ចេកវិទ្យា (Trend)។ នៅពេលដែលពាក្យ 5G កំពុងត្រូវគេនិយាយច្រើន នោះវាក៏ក្លាយជាឧបករណ៍សម្រាប់ការបោកប្រាស់ផងដែរ។
វីដេអូនេះ ខ្ញុំមិនធ្វើដើម្បីរក views ច្រើន ឬ engagement ឲ្យល្បីល្បាញទេ ប៉ុន្តែជាវីដេអូដែលខ្ញុំមានអារម្មណ៍ថា “ត្រូវតែធ្វើ”។ ព្រោះជនរងគ្រោះមានច្រើន ហានិភ័យកើតឡើងដដែលៗ ហើយទម្រង់បោកប្រាស់ក៏ស្រដៀងគ្នា។ ប្រសិនបើវីដេអូបែបនេះមានអ្នកទស្សនាច្រើន នោះមានន័យថា មនុស្សមួយចំនួនអាចយល់បានបន្ថែមមួយជំហាន នៃសុវត្ថិភាពឌីជីថល។
ពេលស្តាប់ការតេ ឬការខល មកបែបនេះ ប្រសិនបើអ្នកមិនស្គាល់បច្ចេកទេសច្បាស់ ឬមិនយល់ពីបច្ចេកវិទ្យា ពាក្យដូចជា 5G, Update, Verification ឬ OTP សុទ្ធតែស្តាប់ទៅពិបាកយល់ ហើយធ្វើឲ្យ ចាស់ៗ អ៊ុំពូមីង ឬបងប្អូន មិនយល់ នេះហើយជាចំណុចដែលជនខិលខូចយកមកប្រើប្រាស់។ ពួកគេមិនបោកដោយបង្ខំទេ ប៉ុន្តែបោកដោយការបង្កើតការជឿទុកចិត្ត ពួកគេតេ ឬខល ទៅកាន់មនុស្សរាប់រយរាប់ពាន់នាក់ ច្បាស់ណាស់ អ្នកអាចជាប៉ះជនរងគ្រោះ ពេលថ្ងៃណាមួយ ហើយពួកគេក៏បានសម្រេចដែលបានរកឃើញអ្នកដែលចូលសូងរបស់គេ។
ក្រែងយើងមិនស្កាល់អ្វីទៅជា OTP ពាក្យថា OTP នេះគឺមកពីពាក្យពេញមានន័យថា One-Time Password ឬ លេខសម្ងាត់ប្រើបានតែម្តង។ វាជាលេខកូដខ្លីៗ (ភាគច្រើន 4–6 ខ្ទង់) ដែលប្រព័ន្ធផ្ញើមកអ្នក តាម SMS, WhatApps, Telegram ឬ Email ដើម្បី បញ្ជាក់ថា “អ្នកគឺជាម្ចាស់គណនីពិត”។
OTP ត្រូវបានប្រើនៅពេល៖
- ចូលគណនី (Facebook, Email, Telegram…)
- ផ្លាស់ប្តូរពាក្យសម្ងាត់
- បញ្ជាក់ប្រតិបត្តិការក្នុង App ធនាគារ
- ផ្លាស់ប្តូរ SIM ឬ eSIM




ចំណុចសំខាន់បំផុតដែលត្រូវចងចាំ៖ OTP គឺដូចជា សោផ្ទះឌីជីថល។
អ្នកណាបាន OTP = អាចចូលផ្ទះ ឬ ជីវិតឌីជីថលរបស់អ្នកបាន។
បច្ចុប្បន្ននេះ ជនខិលខូចបានប្តូរយុទ្ធសាស្ត្រពីការផ្ញើសារ ឬ Link បោកប្រាស់ មកប្រើ “ការខល” ដោយផ្ទាល់ ដើម្បីបង្កើតការជឿទុកចិត្ត។ ពួកគេក្លែងបន្លំជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ ហៅមកអះអាងថា កំពុងជួយ Update ប្រព័ន្ធ 5G ឬកែប្រែបណ្តាញ ដើម្បីឲ្យលេខទូរស័ព្ទដំណើរការល្អជាងមុន។
ក្នុងអំឡុងពេលខល ជជែក ឬសន្ទនា ពួកគេប្រើពាក្យបច្ចេកទេស និងសំឡេងនិយាយដែលធ្វើឲ្យមនុស្សជឿថា ជាបុគ្គលិកពិតប្រាកដ។ បន្ទាប់មក ពួកគេនឹងប្រាប់ថា ប្រព័ន្ធត្រូវការការផ្ទៀងផ្ទាត់ ហើយស្នើឱ្យម្ចាស់លេខទូរសព្ទ រកមើលលេខកូដ OTP ដែលទើបតែបានផ្ញើមកតាម SMS។ នៅពេលនោះ ប្រសិនបើអ្នកមិនបានយល់ក៏អាចផ្តល់ OTP ដែលជា “សោសម្ងាត់ឌីជីថល” របស់ខ្លួនឲ្យទៅជនបោកប្រាស់។
បន្ទាប់ពីបាន OTP ជនខិលខូចអាចដំណើរការផ្លាស់ប្តូរ SIM ទៅជា eSIM ឬធ្វើឲ្យ eSIM ដំណើរការនៅលើឧបករណ៍របស់ពួកគេ ឬតាមវិធីសាស្ត្រផ្សេងៗ ដែលគេបានរៀបចំ។ ក្នុងរយៈពេលខ្លី លេខទូរស័ព្ទរបស់ជនរងគ្រោះអាចផ្តាច់សេវា ឬមិនអាចទទួលការហៅ និងសារ បានទៀត ខណៈដែលការគ្រប់គ្រងលេខបានទៅដល់ដៃអ្នកដទៃ។
នៅចំណុចនេះ ជនរងគ្រោះភាគច្រើនគិតថា ជាបញ្ហាបណ្តាញ ឬបញ្ហាបច្ចេកទេសធម្មតា ប៉ុន្តែនៅពេលដឹងខ្លួនវិញ គណនី Social Media, Email និង App ធនាគារ ត្រូវបានចូលប្រើរួចហើយ។ វិធីសាស្ត្រនេះ បង្ហាញថា ការខលមកសុំ OTP មួយដង អាចនាំទៅកាន់ការបាត់បង់ធ្ងន់ធ្ងរ ក្នុងជីវិតឌីជីថលរបស់មនុស្សម្នាក់។
ខ្ញុំក៏សម្រេចធ្វើវីដេអូនេះ ដោយមានគោលបំណងតែមួយ គឺឲ្យមនុស្ស ដឹងពីការព្រមាន យល់ដឹងបន្ថែម និងបានរំលឹក កុំអោយយឺតពេល។ មិនមែនគ្រប់គ្នាសុទ្ធតែតាមដានព័ត៌មានបច្ចេកវិទ្យាទេ ហើយក៏មិនមែនគ្រប់គ្នាសុទ្ធតែដឹងថា ក្រុមហ៊ុនទូរស័ព្ទ មិនដែលសុំ OTP តាមទូរស័ព្ទឡើយ។ ខ្ញុំធ្វើវីដេអូអំពីសុវត្ថិភាពឌីជីថលមកច្រើនហើយ ប៉ុន្តែខ្លះៗត្រូវធ្វើឡើងវិញ ធ្វើរហូតដល់មនុស្សយល់ តែប្រាកដណាស់ មិនអាចទៅរួចទេ មនុស្សជាចច្រើន ច្បាស់ជាមិនបានឃើញគ្រប់គ្នា ហើយរូបភាពថ្មីក៏ចេះតែកើតមានឡើងដែរ ហើយការបោកប្រាស់ក៏មានរូបភាពថ្មីរហូតដែរ ប៉ុន្តែខ្ញុំសង្ឃឹមថាយើងអាចចូលរួមការជួយកាត់បន្ថយហានិភ័យទាំងអស់នោះបាន។
សម្រាប់ខ្ញុំ ការចែករំលែកបែបនេះ មិនមែនជាការចោទប្រកាន់ស្ថាប័នណាមួយទេ ប៉ុន្តែជាការរំលឹកប្រជាពលរដ្ឋទូទៅថាថា ជីវិតឌីជីថលរបស់យើង កំពុងភ្ជាប់គ្នាជ្រៅជាងមុន ហើយការធ្វេសប្រហែសតូចមួយ អាចប៉ះពាល់ធំបាន ដូចជាបាត់បង់លុយ គេក្លែងបំន្លំគណនីរបស់អ្នកទាំងអស់គ្នា។
វីដេអូពេញអាចមើលបាននៅទីនេះ៖
ប្រសិនបើវីដេអូនេះ អាចជួយឲ្យមនុស្សម្នាក់ មិនអោយ OTP មិនបាត់គណនី ឬមិនបាត់លុយ នោះវាគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ។ សុវត្ថិភាពឌីជីថល មិនមែនជារឿងឆ្ងាយទេ វាជារឿងនៅជិតខ្លួនយើងរាល់ថ្ងៃ។
សូមអោយសុវត្ថិភាពទាំងអស់គ្នា!
