Tag: អ្នកផលិតមាតិកា

  • តើខ្ញុំជាអ្នកផលិតមាតិកា? ប្លក់ក័រ  (Blogger) ឬ វីឡក់ក័រ (Vlogger)

    តើខ្ញុំជាអ្នកផលិតមាតិកា? ប្លក់ក័រ (Blogger) ឬ វីឡក់ក័រ (Vlogger)

    អត្ថបទខាងលើនេះ គឺជាអត្ថបទប្លក់បន្តបន្ទាប់ពីដំណើរសាច់រឿងរបស់ខ្ញុំ ដែលខ្ញុំបានចាប់ផ្ដើមសរសេរឡើងវិញក្នុងឆ្នាំ២០២៦ តាមរយៈអត្ថបទ”ខ្ញុំចាប់ផ្ដើមការសរសេរប្លក់ឡើងវិញ ក្នុងឆ្នាំ២០២៦” និង “សាច់រឿងខ្ញុំ និងការចូលរួមសហគមន៍បកប្រែភាសាខ្មែរ” ជាអត្ថបទដែលខ្ញុំបានយកមកធ្វើជាអត្ថបទចាប់ផ្ដើមនៃការសរសេរប្លក់ – រឿងរាវរបស់ខ្ញុំ។ ខ្ញុំក៏សម្រេចថា ខ្ញុំសម្រេចថាការសរសេរប្លក់នេះ ដោយមិនចាំបាច់រៀបចំរចនាសម្ព័ន្ធអ្វីជាក់លាក់ទេ មានពេលច្បាស់លាស់ ព្រោះអ្វីដែលខ្ញុំសរសេរ គឺជាអ្វីដែលខ្ញុំបានរៀនសូត្រ និងឆ្លងកាត់មកជាក់ស្តែង និងស្របតាមពេលវេលាប៉ុណ្ណោះ។

    មានពេលមួយ ប្អូនប្រុសម្នាក់បានសួរខ្ញុំថា «បងជាអ្នកផលិតមាតិកាមែនទេ?» សំណួរនេះ មិនមែនធ្វើអោយខ្ញុំចម្លើយភ្លាមៗបានទេ ព្រោះវាជាសំណួរដែលធ្វើអោយខ្ញុំត្រូវត្រឡប់ទៅគិតអំពីខ្លួនឯង។ ប្រសិនបើសួរក្នុងបរិបទការងារ ឬក្នុងនាមជាអ្នកសហការ ខ្ញុំអាចឆ្លើយថា ខ្ញុំជាអ្នកផលិតមាតិកាបាន ប៉ុន្តែបើជាអ្នករាប់អាន ឬអ្នកដែលតាមដានខ្ញុំ ខ្ញុំវិញមិនសូវស្រួលចិត្តប្រើពាក្យនោះឡើយ។ ប្រហែលជាព្រោះសម្រាប់ខ្ញុំ ការផលិតមាតិកា គ្រាន់តែជាផ្នែកមួយនៃដំណើរ មិនមែនជាអត្តសញ្ញាណទាំងមូល។

    ដោយសារតែសំណួរនេះ ត្រូវបានសួរមកជាញឹកញាប់ ជាពិសេសពីអ្នកដែលស្គាល់ខ្ញុំតាមរយៈវីដេអូ ខ្ញុំក៏សម្រេចចិត្តសរសេរអត្ថបទមួយឡើង ដើម្បីពន្យល់អោយបានច្បាស់ជាងពាក្យតែមួយម៉ាត់។ វាមិនមែនជាការឆ្លើយសំណួរប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសអោយខ្ញុំត្រឡប់ទៅមើលដំណើរទាំងមូល ដែលខ្ញុំបានឆ្លងកាត់មក។

    បើអោយរៀបរាប់អោយលម្អិត ដំណើរនេះប្រហែលជាត្រូវការសៀវភៅមួយក្បាល ទើបគ្រប់គ្រាន់។ ដូច្នេះ អត្ថបទនេះ គ្រាន់តែជាអ្វីដែលខ្ញុំសរសេរទុកអាន ជាអនុស្សាវរីយ៍មួយ និងជាការត្រឡប់ទៅនឹកដល់សាច់រឿងចាប់ពីកុមារភាព នៅខេត្តបន្ទាយមានជ័យ រហូតមកដល់ការរស់ និងធ្វើការនៅទីក្រុងភ្នំពេញ។

    កាលពីខ្ញុំនៅក្មេងរៀនបឋមសិក្សា ប្រហែលជាថ្នាក់ទី៥ រឿងដែលខ្ញុំនៅចាំបានច្បាស់ជាងគេ គឺសាច់រឿងមួយដែលពាក់ព័ន្ធនឹងមិត្តភក្រម្នាក់ ដែលលក់នំកងនៅសាលារៀនបឋមសិក្សា យើងអាចហៅគាត់បានថា គឹមស៊ូ ។ អ្វីដែលខ្ញុំរៀនពីគាត់ គឺការរៀនរស់ដោយខ្លួនឯង ការទទួលខុសត្រូវ និងការតស៊ូ។ កាលនោះ បើខ្ញុំចាំមិនខុស យើងប្រហែលជាមានអាយុជាងដប់ឆ្នាំប៉ុណ្ណោះ ប៉ុន្តែសាច់រឿងនោះ បានធ្វើអោយខ្ញុំចាំមិនភ្លេចរហូតមកដល់សព្វថ្ងៃ ទោះបីខ្ញុំមិនដឹងច្បាស់ថា ហេតុអ្វីបានជាវានៅជាប់ក្នុងចិត្តខ្ញុំយ៉ាងនេះក៏ដោយ។

    គឹមស៊ូ គាត់ជាមិត្តភក្រដែលចូលចិត្តជជែកលេង រួសរាយ រាប់អានមិត្តភក្រដូចក្មេងដទៃទៀតដែរ ប៉ុន្តែជីវភាពគ្រួសាររបស់គាត់លំបាកខ្លាំងណាស់។ តាមអ្វីដែលខ្ញុំចាំ គាត់រស់នៅជាមួយម្ដាយចាស់ម្នាក់ ដែលធ្វើនំកងលក់។ ខ្ញុំធ្លាប់ទៅផ្ទះគាត់ម្ដង ហើយបានឃើញថា ម្តាយកូនទាំងពីរ រស់នៅត្រឹមជ្រុងផ្ទះរបស់អ្នកដទៃមួយជ្រុងប៉ុណ្ណោះ។ ដោយសារកត្តាជីវភាពនេះហើយ គាត់ត្រូវរកលុយបន្ថែម ដោយការលក់នំកង ដើម្បីជួយគ្រួសារ និងមានប្រាក់ខ្លះសម្រាប់ចិញ្ចឹមជីវភាព។

    ខ្ញុំបានឃើញដោយផ្ទាល់ពីរបៀបដែលគាត់ខិតខំប្រឹងប្រែង ដើម្បីរស់ និងបន្តជីវិតទៅមុខ។ នេះអាចជាមេរៀនមួយ ដែលខ្ញុំបានរៀនសូត្រតាំងពីក្មេង។ នៅពេលនោះ ខ្ញុំមិនទាន់យល់ច្បាស់ថា ជីវិតមានន័យដូចម្តេចទេ ប៉ុន្តែរូបភាពនោះ បាននៅជាប់ក្នុងចិត្តខ្ញុំយូរណាស់ ហើយក្លាយជាចំណងចាំមួយ ដែលខ្ញុំមិនដែលភ្លេច។

    ពេលខ្ញុំចូលអនុវិទ្យាល័យ គឹមស៊ូក៏បាត់ដំណឹងទៅ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់គាត់ នៅតែជាមេរៀនមួយដែលខ្ញុំបានរៀនពីគាត់។ ខ្ញុំចាំបានថា កាលនោះ ខ្ញុំនៅបឋមសិក្សា ខ្ញុំក៏ធ្លាប់លក់នំតាមគាត់ ដើម្បីរកចំណូលបន្ថែម គាត់លក់នំកង ខ្ញុំលក់ចេកឆាប។ ខ្ញុំដឹងថា ខ្ញុំមានលទ្ធភាពខ្លះ មានលុយទៅរៀនបាន ប៉ុន្តែការធ្វើដូចគាត់ ធ្វើអោយខ្ញុំអាចរកលុយបន្ថែម និងរៀនពីការធ្វើការដោយខ្លួនឯងផងដែរ។

    ការចេញលក់នំនោះ បានបង្រៀនខ្ញុំអំពីទំនាក់ទំនងជាមួយមនុស្ស ការហ៊ាននិយាយ និងការជជែកជាមួយមនុស្សច្រើន។ ទុនបទពិសោធន៍តូចៗទាំងនេះហើយ ដែលអនុញ្ញាតអោយខ្ញុំមានឱកាសចូលរួមការងារសង្គមដំបូង ក្នុងតួនាទីមិត្តអប់រំមិត្ត នៅពេលខ្ញុំចូលអនុវិទ្យាល័យ។

    ការងារជាអ្នកស្ម័គ្រចិត្តនេះ តម្រូវអោយខ្ញុំចេញពីម៉ោងរៀន ធ្វើទំនាក់ទំនងជាមួយមិត្តភក្រជាច្រើន ហ៊ានទៅនិយាយអំពីការអប់រំ ការគេចពីគ្រឿងញៀន និងសុខភាពបន្តពូជ។ វាមិនមែនជារឿងងាយស្រួលសម្រាប់ក្មេងម្នាក់ទេ ប៉ុន្តែវាបង្រៀនខ្ញុំអោយចេះនិយាយ ចេះស្តាប់ និងយល់ថា ការចែករំលែកអ្វីមួយទៅអ្នកដទៃ ក៏ជាវិធីមួយដែលធ្វើអោយខ្លួនឯងរៀន និងធំឡើងផងដែរ។

    ក្រោយមក ពេលខ្ញុំចូលវិទ្យាល័យ ខ្ញុំបានចូលរួមការងារក្រៅសាលាជាមួយអង្គការសមាគមន៍យុវជនខ្មែរ (KYA) ដែលធ្វើការជាមួយយុវជន និងសហគមន៍ ក្រោមគម្រោងមួយមានឈ្មោះ Youth Learning Center (YLC)។ ការងារនេះ បានបង្រៀនអោយខ្ញុំចាប់ផ្តើមរៀនធ្វើការជាក្រុម កាលនោះគេហៅថា ក្លឹបយុវជន ដែលជាក្រុមតូចៗ ប្រមូលគ្នាដើម្បីរៀនពីការចងក្រងជាក្រុម ការរៀបចំរចនាសម្ព័ន្ធ ការធ្វើការងារតូចៗ និងការបង្កើតគំនិតថ្មីៗ ដើម្បីអប់រំ និងចែករំលែកទៅកាន់សហគមន៍។

    បទពិសោធន៍កាលនោះ ខ្ញុំមិនអាចរៀបរាប់អស់បានទេ ព្រោះមានរឿងជាច្រើនដែលខ្ញុំបានរៀនសូត្រ ចាប់ពីរបៀបគ្រប់គ្រងការប្រជុំសហគមន៍ខ្នាតតូចៗ ការបែងចែករចនាសម្ព័ន្ធក្រុមក្លឹប ការកំណត់តួនាទីផ្សេងៗ ដូចជា ប្រធានក្រុម និងហិរញ្ញិក។ បើនិយាយទៅ វាហាក់ដូចជារឿងមិនធំដុំអ្វីឡើយ ប៉ុន្តែសម្រាប់ខ្ញុំ វាជាមូលដ្ឋានសំខាន់ខ្លាំងណាស់ ដែលខ្ញុំបានយកទៅប្រើប្រាស់នៅពេលក្រោយ ក្នុងការងារសហគមន៍ និងការរៀបចំព្រឹត្តិការណ៍នានា រួមទាំងការងារជាមួយបារខែមភ្នំពេញផងដែរ។

    ការងារនោះហើយ ដែលធ្វើអោយខ្ញុំយល់អំពីតម្លៃនៃការចែករំលែក និងឥទ្ធិពលជាវិជ្ជមាន ដែលអាចកើតឡើង នៅពេលយើងជួយផ្សព្វផ្សាយអំពីការបង្ការគ្រឿងញៀន និងការអប់រំទៅកាន់សហគមន៍។ តាមរយៈបទពិសោធន៍ទាំងនេះ ខ្ញុំក៏បានរៀនអំពីការដឹកនាំក្រុម ការធ្វើការងារជាក្រុម និងការធ្វើការជាមួយមនុស្សជាច្រើនប្រភេទ ហើយវាបង្រៀនខ្ញុំអោយយល់ថា ការងារសង្គម មិនមែនជារឿងដែលឃើញលទ្ធផលភ្លាមៗនោះទេ ប៉ុន្តែជាការងារដែលត្រូវការពេលវេលា និងការអត់ធ្មត់។

    នៅពេលខ្ញុំចូលសាកលវិទ្យាល័យ ខ្ញុំបានចូលរៀនខុសជំនាញតាមមិត្តភក្រដោយសារខ្វះព័ត៌មាន។ ក្រោយមក ខ្ញុំបានសម្រេចចិត្តបន្តទៅរៀនព័ត៌មានវិទ្យាមួយទៀត ដែលជាមុខវិជ្ជាដែលខ្ញុំចូលចិត្តតាំងពីដើមមក។ នៅទីនោះ ខ្ញុំបានឃើញមិត្តភក្រជាច្រើន ដែលរៀនព័ត៌មានវិទ្យា និងទទួលបានអាហារូបករណ៍ពីទីកន្លែងផ្សេងៗគ្នា ប៉ុន្តែមិនចេះសូម្បីតែបិទកុំព្យូទ័រអោយបានត្រឹមត្រូវ កាលនោះមានអ្នកខ្លះដកឌុយតែម្ដង គិតទៅយើងគិត មិនបានដូចឃើញជាក់ស្ដែង។ ដោយសារខ្ញុំចូលចិត្តអានទស្សនាវដ្តីបច្ចេកវិទ្យា និងមានបទពិសោធន៍ពីមុន ខ្ញុំក៏កើតចិត្តចង់ជួយមិត្តភក្រទាំងនោះ តាមរយៈការបង្រៀនដោយផ្ទាល់។

    ខ្ញុំបានបើកថ្នាក់រៀនកុំព្យូទ័រដំបូង នៅបណ្ណាល័យសាកលវិទ្យាល័យ ដើម្បីអោយអ្នកដែលមិនទាន់ចេះកុំព្យូទ័រ អាចមករៀនជាមួយខ្ញុំបាន។ ក្រោយមក ប្រហែលនៅឆ្នាំ ២០១០ ពេលខ្ញុំស្គាល់ហ្វេសប៊ុកដំបូង ខ្ញុំបានបន្តការចែករំលែកពីការបង្រៀនផ្ទាល់ ទៅជាការឆ្លើយសំណួរ និងដោះស្រាយបញ្ហាបច្ចេកវិទ្យា នៅលើបណ្តាញសង្គម តាមរយៈក្រុមមួយឈ្មោះ «ចែកគ្នានិយាយ IT» និងការចូលរួមបង្កើតព្រឹត្តិការណ៍មួយមានឈ្មោះថា «ព្រឹត្តិការណ៍បើកទូលាយ»។ តាមរយៈការចែករំលែកតូចៗទាំងនេះ ខ្ញុំបានជួយមិត្តភក្រជាច្រើន ហើយក៏ធ្វើអោយមនុស្សមួយចំនួនចាប់ផ្តើមស្គាល់ខ្ញុំផងដែរ។

    ការចែករំលែកនៅលើបណ្តាញសង្គម បានបើកឱកាសអោយខ្ញុំទទួលបានឱកាសការងារ ហើយបន្តដំណើរមកដល់ទីក្រុងភ្នំពេញ។ នេះហើយជាមូលហេតុ ដែលអោយខ្ញុំបានមកភ្នំពេញ និងបន្តការងារចែករំលែករបស់ខ្ញុំ។

    នៅឆ្នាំ ២០១២ ខ្ញុំបានមកដល់ភ្នំពេញ ហើយបានជួបសហគមន៍អ្នកសរសេរប្លក់។ ខ្ញុំបានបង្កើតប្លក់ផ្ទាល់ខ្លួន និងចូលរួមការងារសហគមន៍ជាច្រើន។ ការចែករំលែករបស់ខ្ញុំ នៅពេលនោះ ភាគច្រើនជាអត្ថបទ និងគន្លឹះតូចៗ។ ក្រោយៗមក ទម្រង់នៃការចែករំលែកក៏ផ្លាស់ប្តូរ ទៅជាការផលិតមាតិកានៅលើបណ្តាញសង្គម ដូចជា ហ្វេសប៊ុក យូធូប និងវេទិកាផ្សេងៗទៀត។ សម្រាប់ខ្ញុំ វាមិនមែនជារឿងថ្មីទេ គ្រាន់តែជាការផ្លាស់ប្តូរទម្រង់នៃការចែករំលែកប៉ុណ្ណោះ។

    មិនថាជាអត្ថបទ ឬជាវីដេអូទេ គោលបំណងរបស់ខ្ញុំ នៅតែដដែល គឺការចែករំលែកចំណេះដឹងឌីជីថលទៅកាន់មនុស្សដែលកំពុងត្រូវការវា ពិសេសអ្នកចាស់ៗ ឬអ្នកនៅជនបទឆ្ងាយៗ ដែលមិនទាន់មានឱកាសយល់ច្បាស់អំពីឌីជីថល ដូចដែលខ្ញុំធ្លាប់ឆ្លងកាត់មក។

    ដូច្នេះ បើសួរខ្ញុំថា តើការផលិតមាតិកាវីដេអូ គឺជាចំណូលចិត្តរបស់ខ្ញុំមែនទេ ខ្ញុំនឹងនិយាយថា វាមិនមែនជាចំណូលចិត្តដាច់ដោយឡែកទេ។ អ្វីដែលខ្ញុំចូលចិត្តពិតប្រាកដ គឺការចែករំលែក។ វីដេអូ គ្រាន់តែជាវិធីមួយ ដែលអាចធ្វើអោយការចែករំលែកនោះ ទៅដល់មនុស្សច្រើនជាងមុនប៉ុណ្ណោះ។

    ពិតប្រាកដទៅ មិត្តភក្រដែលខ្ញុំបានរៀបរាប់មក គាត់ប្រហែលជាមិនបានដឹងសោះថា គាត់បានជួយខ្ញុំយ៉ាងណាទេ ប៉ុន្តែផ្ទុយទៅវិញ វាជាខ្ញុំខ្លួនឯងដែលបានរៀនសូត្រពីគាត់។ វាធ្វើអោយខ្ញុំយល់ថា យើងអាចរៀនសូត្រពីអ្នកណាម្នាក់បានគ្រប់ពេល គ្រប់កន្លែង ដោយមិនចាំបាច់ជាគ្រូ ឬជាអ្នកណែនាំផ្លូវការនោះទេ។

    ដោយសារតែការយល់ដូចនេះហើយ ខ្ញុំបានបន្តការចែករំលែកតាមគ្រប់ទម្រង់ ដែលខ្ញុំអាចធ្វើបាន ចាប់ពីការចែករំលែកដោយផ្ទាល់ ការសរសេរប្លក់ រហូតដល់ការផលិតវីដេអូ។ អ្វីៗទាំងនេះ មិនមែនកើតឡើងដោយចេតនាចង់បង្ហាញខ្លួនទេ ប៉ុន្តែកើតឡើងពីអ្វីដែលខ្ញុំបានរៀនសូត្រពីមិត្តភក្ររបស់ខ្ញុំ និងពីមនុស្សជុំវិញខ្ញុំ។

    ខ្ញុំគិតថា ខ្ញុំក៏គ្រាន់តែជាមិត្តភក្រម្នាក់ដែរ មិត្តភក្រដែលយើងអាចរៀនសូត្រពីគ្នាទៅវិញទៅមក។ នេះហើយជាមូលហេតុ ដែលធ្វើអោយខ្ញុំនៅតែបន្តចែករំលែក រហូតមកដល់សព្វថ្ងៃនេះ។

    ដោយក្ដីនឹករលឹក
    ជី សុផាត

  • ខ្ញុំចាប់ផ្ដើមការសរសេរប្លក់ឡើងវិញ ក្នុងឆ្នាំ២០២៦

    ខ្ញុំចាប់ផ្ដើមការសរសេរប្លក់ឡើងវិញ ក្នុងឆ្នាំ២០២៦

    ឆ្នាំ ២០២៦ មកដល់ ដោយបានជជែកច្រើនជាមួយ ប្អូន វិចិត្ ឆ្នាំជាច្រើនកន្លងមក មានអានុសាវរីយ៍ជាច្រើនជាមួយការសរសេរប្លក់ ធ្វើអោយខ្ញុំបានចាប់អារម្មណ៍ក្នុងការសរសេរឡើងវិញ ដែលបានផ្លាស់ប្ដូរពីដំណើរនៃការសរសេរមកធ្វើវីដេអូ។ ក្នុងសម័យឌីជីថលចុងក្រោយនេះដែលអ្វីៗដំណើរការលឿនជាងការគិត និងការយល់ ការសម្រាកបន្តិច មិនមែនជាការថយក្រោយទេ ប៉ុន្តែជាការរៀបចំខ្លួន ដើម្បីបន្តដំណើរឲ្យមានទិសដៅ និងមានន័យជាងមុន។

    ខ្ញុំបានដើរតាមផ្លូវឌីជីថលនេះអស់រយៈពេលជាងដប់ឆ្នាំ មិនមែនជាផ្លូវត្រង់ និងមិនមែនជាផ្លូវងាយស្រួលទេ ។ វាជាផ្លូវដែលពោរពេញដោយការសាកល្បង ការខកចិត្ត ការស្ទាក់ស្ទើរ និងការបន្តទៅមុខ ទោះបីមិនប្រាកដចិត្តក៏ដោយ។ ខ្ញុំចាប់ផ្ដើមពីការសរសេរ ពីប្លក់ យូរណាស់មកដែរហើយ ហើយកាលនោះមានការជួបជុំធំមួយរបស់សហគមន៍ Blogger Festival ឆ្នាំ ២០១២ នៅពេលដែលសម័យឌីជីថលសម័យនោះជាសហគន៍តូចនៅឡើយ តូចតែសប្បាយ មិនមែនធំតែ ពពេញទៅដោយ ភាពស្មុគស្មាញ។

    ពេលនោះ ការសរសេរ មិនមែនជារឿងសម្រាប់រកឈ្មោះ ឬរកប្រាក់នោះទេ ប៉ុន្តែជារឿងសម្រាប់រកខ្លួនឯង។ ខ្ញុំមិនមែនជាមនុស្សពូកែសរសេរ ឬពូកែអានដូចអ្នកដទៃទេ ប៉ុន្តែខ្ញុំជាមនុស្សដែលសហគមន៍ ការរាប់អាន ភ្ជាប់ទំនាក់ទំនង នោះហើយអាចជួយអោយខ្ញុំរៀនគិត រៀនយល់ខ្លួនឯង និងរាប់អានមនុស្សយ៉ាងច្រើន ក្នុងពេលដែលពិភពឌីជីថលកំពុងរត់ទៅមុខយ៉ាងលឿន។

    ពេលវេលាបានផ្លាស់ប្ដូរ ហើយខ្ញុំក៏បានផ្លាស់ប្ដូរដែរ ខ្ញុំបានប្តូរពីការសរសេរ មកធ្វើវីដេអូ មកធ្វើមាតិកា មកធ្វើការបណ្ដុះបណ្ដាល និងធ្វើការជាមួយសហគមន៍។ មិនមែនព្រោះខ្ញុំបោះបង់ការសរសេរប្លក់នោះទេ ប៉ុន្តែព្រោះខ្ញុំចង់អោយខ្លឹមសារចែករំលែកទៅដល់មនុស្សច្រើនជាងមុន និងចង់អោយបច្ចេកវិទ្យា ក្លាយជារឿងដែលមនុស្សអាចយល់ និងប្រើបានក្នុងជីវិតប្រចាំថ្ងៃ។

    ខ្ញុំបានធ្វើការជាមួយយុវជន សិស្ស និស្សិត អាជីវករ និងសហគមន៍ Local Guides បានចូលរួមជួយមនុស្សយល់ពី Google Maps យល់ពីឌីជីថល យល់ពីសុវត្ថិភាពអនឡាញ និងយល់ថា បច្ចេកវិទ្យា មិនមែនជារឿងឆ្ងាយពីជីវិតរបស់ពួកគេទេ។ ខ្ញុំបានឃើញថា ការចែករំលែកចំណេះដឹងតិចតួច អាចបង្កើតការផ្លាស់ប្ដូរតូចៗ ប៉ុន្តែមានន័យ។

    ក្រៅពីផលិតមាតិការ ការចែករំលែក ខ្ញុំបានធ្វើដំណើរជាមួយម៉ូតូ មិនមែនដើម្បីបង្ហាញទីកន្លែងស្អាតៗទេ ប៉ុន្តែដើម្បីរៀនពីមនុស្ស ពីជីវិត ពីរបៀបរស់នៅ និងពីអ្វីដែលមិនអាចឃើញបានតាមវីដេអូ។ ដំណើរទាំងនោះ បានបង្រៀនខ្ញុំអំពីការដំណើររៀនសូត្រ ការស្តាប់ និងការយល់ចិត្តគ្នា យល់ពីភូមិសាស្ត្រ និងរៀនសូត្រទៅតាមតំបន់និមួយៗ។

    ក្នុងពេលតែមួយ ខ្ញុំក៏បានចូលរួមការងារបកប្រែភាសាខ្មែរ ក្នុងបច្ចេកវិទ្យា ដោយមិនសូវបានបញ្ចេញឈ្មោះ និងដោយមិនសូវមានអ្នកស្គាល់ ព្រោះខ្ញុំជឿថា ភាសាជាតិ គួរតែមានរបស់មួយមាននៅបញ្ចីភាសាលើឆាក អន្តរជាតិ និងមានគុណភាព នៅក្នុងពិភពឌីជីថល ទោះបីវាមិនល្អឥតខ្ចោះក៏ដោយ។

    ឆ្នាំ ២០២៦ សម្រាប់ខ្ញុំ មិនមែនជាឆ្នាំនៃការរត់លឿនជាងមុនទេ ប៉ុន្តែជាឆ្នាំនៃការរស់ដោយយល់ច្បាស់ជាងមុន ការធ្វើមាតិកាដោយចិត្តស្ងប់ ការសរសេរដោយមិនប្រញាប់ និងការចែករំលែកដោយការទទួលខុសត្រូវ។

    វែបសាយនេះ គឺជាលំហដែលខ្ញុំជ្រើសរើសត្រលប់មករកអក្សរ រកអនុស្សាវរីយ៍ រកគំនិត និងរកដំណើរដែលធ្វើអោយខ្ញុំក្លាយជាខ្ញុំដូចសព្វថ្ងៃ។ មិនមែនអត្ថបទទាំងអស់នៅទីនេះនឹងមានចម្លើយស្រាប់ទេ ប៉ុន្តែវានឹងស្មោះត្រង់ និងមានចេតនាល្អចំពោះអ្នកអាន និងសង្គម។

    សូមស្វាគមន៍ មកកាន់ ២០២៦ សូមស្វាគមន៍ មកកាន់លំហដែលខ្ញុំបន្តដំណើរដោយអក្សរ ដោយបទពិសោធន៍ និងដោយចិត្តមនុស្សម្នាក់ដែលនៅតែជឿថា ការរៀន និងការចែករំលែក មិនដែលហួសសម័យក្នុងពិភពឌីជីថលឡើយ។