កាលពីឆ្នាំ 2010 ខ្ញុំបានស្គាល់ Google Maps ជាលើកដំបូង។ បន្ទាប់មកនៅឆ្នាំ 2011 ខ្ញុំចាប់ផ្តើមចូលរួមក្នុងកម្មវិធី Google Map Maker ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បន្ថែមទីតាំង បន្ថែមផ្លូវថ្មី ឬគូរផ្លូវថ្មីនៅលើផែនទី Google Maps។ ព្រោះខ្ញុំស្គាល់ភូមិសាស្ត្រនៅខេត្តបន្ទាយមានជ័យស្រាប់ វាធ្វើឲ្យខ្ញុំងាយស្រួលក្នុងការគូរ និងកែប្រែផែនទីនៅតំបន់នោះ។
ខ្ញុំបន្តសកម្មភាពលើ Google Maps មកទៀត ប៉ុន្តែក្រោយមកកម្មវិធី Google Map Maker ត្រូវបានបិទដំណើរការ ប្រហែលចន្លោះឆ្នាំ 2016–2017 ហើយ Google បានផ្លាស់ប្តូរមកកម្មវិធីថ្មីមួយគឺ Local Guides។ ពេលខ្ញុំចូលរួម Local Guides នៅឆ្នាំ 2016 ខ្ញុំមិនដឹងអ្វីទាំងអស់អំពីព្រឹត្តិការណ៍ ឬអំពីការប្រើប្រាស់ជាច្រើនទេ។ ខ្ញុំក៏មិនដឹងថាមាន Local Guides Connect ផងដែរ។ ខ្ញុំគ្រាន់តែបន្តចូលរួមកែប្រែ និងរួមចំណែកលើ Google Maps ដូចអ្នកប្រើប្រាស់ធម្មតា បន្តិចម្ដងៗ ខ្ញុំចាប់ផ្តើមបន្ថែមរូបថត កែទីតាំងខុសៗ និងសរសេរ review។
ខ្ញុំមិនដែលគិតថាវាជារឿងធំទេ ព្រោះសម្រាប់ខ្ញុំ វាជាការរួមចំណែកក្នុងពិភពឌីជីថលតែប៉ុណ្ណោះ។ ខ្ញុំគ្រាន់តែចង់ឲ្យព័ត៌មានត្រឹមត្រូវ ហើយឲ្យផែនទី Google នៅកម្ពុជា មានប្រយោជន៍ និងងាយស្រួលប្រើសម្រាប់អ្នកដែលមកប្រើប្រាស់ក្រោយៗ។

រយៈពេលជាច្រើនឆ្នាំបន្ទាប់ ខ្ញុំនៅតែបន្តរួមចំណែកកែលម្អ Google Maps ប៉ុន្តែខ្ញុំមិនសូវសកម្មនៅក្នុងសហគមន៍ Local Guides Connect ទេ។ ខ្ញុំមិនបានចែករំលែកបទពិសោធន៍ ឬសរសេររឿងរ៉ាវអ្វីនៅទីនោះឡើយ។ ខ្ញុំគ្រាន់តែធ្វើការងារស្ម័គ្រចិត្តរបស់ខ្ញុំនៅលើ Google Maps យ៉ាងស្ងាត់ៗ ហើយម្តងម្កាលក៏ចែករំលែកផ្ទាល់ជាមួយមិត្តភក្តិជិតខាងប៉ុណ្ណោះ។
មានហេតុផលជាច្រើនដែលធ្វើឲ្យខ្ញុំមិនបានចែករំលែកលើ Local Guides Connect។ មួយគឺខ្ញុំមិនសូវពូកែសរសេរ ហើយក៏មិនសូវពូកែភាសាអង់គ្លេសផងដែរ។ តាមពិតទៅ ខ្ញុំចង់ចែករំលែករឿងរ៉ាវជាច្រើនទៅកាន់ពិភពលោកណាស់ ប៉ុន្តែខ្ញុំមិនដឹងថាគួរសរសេរយ៉ាងដូចម្តេច។ ក្រោយមក ពេលបច្ចេកវិទ្យា AI ចាប់ផ្តើមមានដូចជា ChatGPT និង Gemini វាបានជួយខ្ញុំក្នុងការរៀបចំគំនិត និងសរសេរអត្ថបទបានខ្លះៗ ដែលធ្វើឲ្យខ្ញុំមានភាពក្លាហានក្នុងការចាប់ផ្តើមចែករំលែកនៅលើ Local Guide Connect បាន។

ខ្ញុំចាំបានថាកាលពីខែតុលា ឆ្នាំ 2023 ខ្ញុំធ្លាប់សរសេរប្រកាសផុស ដំបូងលើ Local Guides Connect ដែលជាផុសសាមញ្ញមួយជារូបភាពភាគច្រើន វាជាផុសរូបភាពពេលខ្ញុំនៅសៀមរាបអំពី ដំណើរកម្សាន្ត ៣ម៉ោងនៅសៀមរាប អបដោយរូបភាព ដោយសរសេរភាសាខ្មែរ។ នោះជាការចាប់ផ្ដើមដំបូងរបស់ខ្ញុំ សូម្បីតែឥឡូវនេះ ខ្ញុំក៏មិនមែនជាមនុស្សសរសេរល្អដែរ តែបាន AI ជួយសម្រួលការងារច្រើនណាស់។ ចឹងបានថាពីការមិនដឹងសរសេរអ្វី មកកាន់អ្នករៀបចំរាប់ច្រើន ចង់សរសេរច្រើន តែមិនចេះសរសេរ ចឹងមានតែអោយ AI សរសេរជំនួសអំពីគំនិតរបស់យើង រហូតមកដល់ពេលនេះ។

ខ្ញុំយល់ថា Local Guides Connect វាជាការតភ្ជាប់ទៅកាន់សហគមន៍មកពីគ្រប់ប្រទេស មានទាំងបទពិសោធន៍ និងចំណេះដឹងជាច្រើន។ ហើយវាជាកន្លែងដែលអាចចែករំលែករឿងពីប្រទេសរបស់យើងទៅកាន់ពិភពលោកផងដែរ។

បន្ទាប់ពីពេលនោះ ខ្ញុំក្លាយជាមនុស្សសកម្មជាងមុន។ មិនត្រឹមតែសកម្មអនឡាញលើ Local Guide Connect ប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏ចាប់ផ្តើមសរសេរអត្ថបទដោយមានជំនួយពី AI ដែលជួយសម្រួលគំនិត និងរៀបចំអត្ថបទឲ្យច្បាស់លាស់ជាងមុន។ វាធ្វើឲ្យខ្ញុំមានភាពក្លាហានក្នុងការចែករំលែក និងបង្ហាញអត្តបទដែលជាគំនិត និងបទពិសោធន៍របស់ខ្ញុំ។
ចាប់តាំងពីពេលនោះមកខ្ញុំចាប់ផ្តើមរៀបចំ Meet-up អំពី Google Maps នៅកម្ពុជា។ ខ្ញុំដើរថតរូប និងកែផែនទីជុំវិញតំបន់ព្រះបរមរាជវាំង និងទីតាំងជាច្រើន ហើយយកទៅបង្ហោះផ្សាយនៅ Local Guide Connect។ ខ្ញុំធ្វើ Photowalk ដោយប្រើស្មាតហ្វូន ដើម្បីបង្រៀនគ្នាថតរូបឲ្យបានល្អ និងបន្ថែមព័ត៌មានមានគុណភាពលើ Google Maps។ ខ្ញុំក៏បានរៀបចំកម្មវិធី “Run & Map” នៅប្រាសាទព្រះវិហារ ហើយយើងបានធ្វើ Mega Edit ជាច្រើនដង ដើម្បីកែបញ្ហាទិន្នន័យ និងធ្វើឲ្យផែនទីមានភាពត្រឹមត្រូវជាងមុន។

លើសពីនេះទៅទៀត យើងក៏បានពិភាក្សា និងដោះស្រាយបញ្ហាធ្ងន់ធ្ងរដូចជា ការប្រើប្រាស់ផែនទីខុសបំណង និងការរំលោភបំពានលើផែនទីឌីជីថល។ ការពារផែនទីគឺជាការងារមួយដែលមនុស្សភាគច្រើនមិនឃើញ ប៉ុន្តែវាសំខាន់ណាស់ ព្រោះយើងប្រើប្រាស់វារាល់ថ្ងៃ។ ក្នុងកំឡុងពេលមានជម្លោះរវាងកម្ពុជា និងថៃ មានការរំលោភបំពានយ៉ាងខ្លាំងលើ Google Maps នៅកម្ពុជា។ យើងបានធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះ រហូតឃើញលទ្ធផលវិជ្ជមាន និងស្ថានភាពប្រសើរឡើងវិញ។
Local Guides នៅកម្ពុជា ធ្វើការច្រើនណាស់ ប៉ុន្តែមិនសូវពូកែសរសេរ ឬនិយាយបង្ហាញខ្លួនដូចនៅប្រទេសផ្សេងៗប៉ុន្មានទេ។ ភាគច្រើន បើហៅឲ្យធ្វើអ្វី គេធ្វើតែម្តង មិនសូវនិយាយអួត ឬបង្ហាញខ្លួនច្រើនទេ។ ខ្ញុំផ្ទាល់ក៏ដូចគ្នា មិនសូវចេះសរសេរឬបង្ហាញអ្វីឲ្យលេចធ្លោប៉ុន្មានដែរ។
ប៉ុន្តែពេលពួកគេមកចូលរួម Meet-up ពេលពួកគេចូលរួមកែទីតាំង បន្ថែមរូបថត និងធ្វើឲ្យ Google Maps កាន់តែល្អប្រសើរ នោះហើយជាអ្វីដែលបង្ហាញពីការខិតខំរបស់ពួកគេពិតៗ។ ការងាររបស់ពួកគេប្រហែលមិនលេចធ្លោក្នុងអត្ថបទ ឬលើវេទិកាអនឡាញទេ ប៉ុន្តែវាមានតម្លៃខ្លាំង។
ហេតុនេះហើយ ទើបខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរតែជួយជំរុញ និងធ្វើឲ្យសហគមន៍ Local Guides នៅកម្ពុជាកាន់តែសកម្ម និងមានសំឡេងច្រើនជាងមុន។

ពេលថ្មីៗនេះ ខ្ញុំទទួលបានអ៊ីមែលអញ្ជើញទៅ Connect Live នៅសិង្ហបុរី ដែលរៀបចំដោយ Google។ ពេលឃើញអ៊ីមែលនោះ ខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់ ប៉ុន្តែជាការរំភើបស្ងៀមៗ មានទាំងភាពសប្បាយរីករាយ និងការគិតច្រើននៅក្នុងពេលតែមួយ។
ខ្ញុំចាប់ផ្តើមសួរខ្លួនឯងថា តើខ្ញុំត្រូវត្រៀមអ្វីខ្លះ? ត្រូវយកអ្វីខ្លះទៅទីនោះ? តើខ្ញុំគួររៀបចំអ្វីមួយដើម្បីបង្ហាញអំពីកម្ពុជា អំពីសហគមន៍ Local Guides របស់យើង ឬអំពីការងារដែលយើងបានធ្វើកន្លងមកដែរឬទេ?
មិនត្រឹមតែជាការធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍ទេ ប៉ុន្តែវាហាក់ដូចជាការតំណាងឲ្យសហគមន៍មួយ ដែលធ្វើការច្រើន ប៉ុន្តែមិនសូវនិយាយបង្ហាញខ្លួនប៉ុន្មាន។ ដូច្នេះ សម្រាប់ខ្ញុំ វាមិនមែនជាការធ្វើដំណើរធម្មតាទេ ប៉ុន្តែជាការទៅរៀន ទៅជួបមិត្តភក្តិថ្មីៗ និងយកសំឡេងពីកម្ពុជាទៅបង្ហាញនៅលើវេទិកាអន្តរជាតិ។

ហើយនេះហើយជាមេរៀនមួយដែលខ្ញុំបានធ្វើអស់ជាច្រើនឆ្នាំ ប៉ុន្តែមិនធ្លាប់សរសេរចេញ ឬភ្ជាប់ទៅកាន់មនុស្សខាងក្រៅឡើយ។ ខ្ញុំគិតត្រឡប់ទៅដំណើរចាប់ពីឆ្នាំ 2016 មកដល់ថ្ងៃនេះ ការកែស្ងៀមៗរបស់ខ្ញុំប្រហែលជាមិនមានអ្នកណាមើលឃើញទេ។ ខ្ញុំគ្រាន់តែធ្វើ ហើយធ្វើបន្តិចៗទៅមុខ។
តែពេលខ្ញុំចាប់ផ្តើមសរសេរប្រកាស និងរៀបចំ Meetup ជាលើកដំបូង នោះគ្រប់គ្នាចាប់ផ្តើមមើលឃើញ។ មិនមែនថាការងារមុននេះមិនមានតម្លៃទេ ប៉ុន្តែពេលយើងចែករំលែក និងភ្ជាប់វាជាមួយសហគមន៍ វាធ្វើឲ្យមនុស្សដទៃយល់ឃើញពីអ្វីដែលយើងបានធ្វើ។
វាធ្វើឲ្យខ្ញុំយល់ថា ការធ្វើល្អស្ងៀមៗមានតម្លៃ ប៉ុន្តែការចែករំលែកវាចេញមកក្រៅ ក៏មានសារៈសំខាន់ដូចគ្នា។ ពេលយើងនិយាយ ពេលយើងសរសេរ ពេលយើងរៀបចំកម្មវិធី មនុស្សដទៃអាចចូលរួម អាចសិក្សា និងអាចបន្តដំណើរនោះជាមួយយើង។

នាំនេះជាឆ្នាំដំបូងដែលខ្ញុំសកម្មលើ Local Guides Connect ប៉ុន្តែខ្ញុំសកម្មលើ Google Maps មកជាយូរហើយ។ ដូច្នេះ សម្រាប់ខ្ញុំ ការអញ្ជើញនេះមិនមែនជារឿងធំសម្រាប់ពេលនេះទេ។ អ្វីដែលសំខាន់ជាងគេ គឺយើងបានរួមចំណែកអ្វីខ្លះ ហើយបានបង្ហាញអ្វីឲ្យមនុស្សឃើញពីការងាររបស់យើង។
ខ្ញុំក៏ចង់និយាយដោយស្មោះត្រង់ថា ការដាក់ពាក្យ និងការទទួលបានការអញ្ជើញនេះ ខ្ញុំគ្រាន់តែចង់សាកល្បង និងចង់ដឹងថា តើការបង្ហាញខ្លួន និងការធ្វើការងារពិតៗវាខុសគ្នាយ៉ាងដូចម្តេច។ ពេលខ្លះ យើងធ្វើការច្រើន ប៉ុន្តែមិនសូវបង្ហាញ។ ពេលខ្លះយើងបង្ហាញ តែមិនបានធ្វើច្រើន។ ខ្ញុំចង់ឲ្យវាដើរត្រូវគ្នា។
បើឆ្នាំណាខ្ញុំត្រូវបានជ្រើសរើស ខ្ញុំអរគុណសម្រាប់ឱកាស និងមេរៀនដែលខ្ញុំបានរៀនតាមដំណើរនេះ។ បើឆ្នាំណាខ្ញុំមិនត្រូវបានជ្រើសរើសវិញ ខ្ញុំនឹងបន្តការងារដដែល ដោយសារការពេញចិត្តពិតប្រាកដរបស់ខ្ញុំ មិនមែនមកពីការបង្ហាញ ឬការទទួលស្គាល់នោះទេ ប៉ុន្តែមកពីការធ្វើអ្វីមួយដែលមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។

នេះគឺជាការរួមចំណែកសម្រាប់មនុស្សជាច្រើន ឲ្យអាចរកឃើញអាសយដ្ឋានបានត្រឹមត្រូវ ព្រោះខ្ញុំបានចូលរួមកែតម្រូវ និងបន្ថែមព័ត៌មានលើផែនទីទាំងអស់នោះ។ វាមានផលប៉ះពាល់ដល់វិស័យទេសចរណ៍ និងអាជីវកម្មតូចធំជាច្រើន ដែលអាចឲ្យគេរកឃើញ និងមើលឃើញបានកាន់តែងាយស្រួល ព្រោះយើងបានបន្ថែម និងកែតម្រូវវាឲ្យត្រឹមត្រូវលើ Google Maps។ មានអ្នកដំណើរម្នាក់ធ្វើដំណើរបានងាយស្រួលជាងមុន ព្រោះព័ត៌មានមានភាពច្បាស់លាស់។ ទោះបីជាវាជាការងារដែលមនុស្សភាគច្រើនមិនសូវមើលឃើញក៏ដោយ ប៉ុន្តែវាបានជួយយ៉ាងច្រើនដល់សហគមន៍ និងប្រទេសជាតិរបស់យើង។
តាមដំណើរនេះ ខ្ញុំបានរៀនច្រើន។ ខ្ញុំរៀនថា បើអ្វីមួយមិនត្រូវបានបង្ហាញ វាអាចបាត់បង់ឱកាស។ ខ្ញុំក៏រៀនថា ការងារដែលធ្វើស្ងៀមៗក៏មានឥទ្ធិពលដែរ ទោះបីគេមិនឃើញភ្លាមៗក៏ដោយ ប៉ុន្តែយើងអាចកសាងវាបន្តិចម្ដងៗ ហើយពេលមកដល់ពេលសមស្រប យើងអាចបង្ហាញវាចេញមកក្រៅ។ ខ្ញុំបានរៀនថា សហគមន៍ Local Guides Connect ត្រូវការពេលវេលា អត់ធ្មត់ និងការជឿទុកចិត្ត។ ប៉ុន្តែបើយើងមិនបង្ហាញការងាររបស់យើង ឬមិនចែករំលែកអ្វីដែលយើងធ្វើទេ មនុស្សផ្សេងៗក៏មិនអាចដឹងពីតម្លៃនៃការងារនោះបានដែរ។
សំខាន់បំផុត ខ្ញុំបានរៀនថា ទោះបីលទ្ធផលមិនត្រឡប់មករកខ្លួនឯងក៏ដោយ បើចេតនារបស់អ្នកច្បាស់ថាចង់ជួយអ្នកដទៃ ឬចង់ធ្វើអ្វីមួយសម្រាប់សង្គមជាតិ អ្នកនឹងមិនមានអារម្មណ៍ទទេឡើយ ទោះបីគ្មានរង្វាន់ ឬការទទួលស្គាល់ក៏ដោយ។

រាល់សកម្មភាពដែលខ្ញុំរៀបចំ គឺជាការចូលរួមតូចៗរបស់ខ្ញុំទៅកាន់អ្វីមួយដែលធំជាងខ្លួនឯង។ ប៉ុន្តែពីក្រោយសកម្មភាពទាំងនោះ មិនមែនមានខ្ញុំម្នាក់ឯងទេ។ មានអ្នកសហគមន៍ មានមិត្តភក្តិ និងមានការរួមចំណែកជាច្រើនដែលបានគាំទ្រ និងដើរជាមួយគ្នា។ ខ្ញុំសូមអរគុណទាំងអស់គ្នា ដែលធ្វើឲ្យដំណើរនេះមានន័យ និងមានកម្លាំងបន្តទៅមុខ។
សម្រាប់ខ្ញុំ Local Guides Connect មិនមែនអំពីការឈរលើឆាកអន្តរជាតិ ឬការបង្ហាញឈ្មោះខ្លួនឯងនោះទេ វាជាទំនួលខុសត្រូវ។ វាជាការតំណាងឲ្យសហគមន៍មួយ វាជាការបន្តធ្វើការងារឲ្យល្អប្រសើរជាងមុន វាជាការរួមចំណែកយ៉ាងស្ងៀមៗ ប៉ុន្តែជាប់លាប់ និងស្ម័គ្រចិត្ត។
មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅលើវេទិកាអន្តរជាតិ ខ្ញុំនៅតែជាមនុស្សដដែល ដែលចូលរួមជាមួយសហគមន៍ដោយចេតនាសាមញ្ញមួយ៖ ធ្វើឲ្យជីវិតមនុស្សងាយស្រួលឡើងតាមរយៈផែនទីដែលល្អប្រសើរជាងមុន ហើយពីក្រោយការងារនោះ គឺការធ្វើអ្វីមួយសម្រាប់សង្គម និងប្រទេសជាតិ។

ហើយសម្រាប់អ្នកដែលកំពុងស្ទាក់ស្ទើរ ខ្ញុំចង់លើកទឹកចិត្តថា សូមកុំរង់ចាំឱកាស មកពីក្រៅ។ ចាប់ផ្តើមធ្វើពីថ្ងៃនេះ។ ចាប់ផ្តើមចែករំលែក ចាប់ផ្តើមរៀបចំ Meetup ចាប់ផ្តើមកែផែនទីនៅតំបន់របស់អ្នក នៅលើ Local Guide Connect ថ្ងៃនេះ អាចក្លាយជាឱកាសធំថ្ងៃក្រោយ ប្រសិនបើអ្នកបន្តសកម្ម និងបន្តចែករំលែកដោយស្មោះត្រង់ ខ្ញុំជឿថា ឱកាសនៃការទទួលការអញ្ជើញនៅឆ្នាំក្រោយ អាចជារបស់អ្នក។
ដំណើរនេះមិនមែនចប់ត្រឹមនេះទេ។ វាជាការបន្ត។ ហើយខ្ញុំនឹងបន្តដើរទៅមុខ ដូចដែលខ្ញុំបានចាប់ផ្តើមពីថ្ងៃដំបូង។













