Category: សហគមន៍

Stories, reflections, and experiences from community work, workshops, volunteering, and digital education. Highlighting how communities learn, grow, and connect through technology.

  • បេសកកម្មសហគមន៍ Google Maps ពីតាកែវ មកភ្នំពេញ ក្នុងថ្ងៃតែមួយ

    បេសកកម្មសហគមន៍ Google Maps ពីតាកែវ មកភ្នំពេញ ក្នុងថ្ងៃតែមួយ

    អ្នកទាំងអស់គ្នាអាចស្គាល់ខ្ញុំតាមវីដេអូ ឬការចែករំលែកអំពីសុវត្ថិភាពឌីជីថល និង Google Maps ប៉ុន្តែសម្រាប់ខ្ញុំ Google Maps មិនមែនជារឿងថ្មីដែលខ្ញុំទើបនិយាយឡើងទេ។ វាជាដំណើរសាច់រឿងដែលដើរជាមួយខ្ញុំមកយូរហើយ មិនត្រឹមតែជាអ្នកប្រើប្រាស់ទេ ប៉ុន្តែជាអ្នកចូលរួមកែប្រែ តាំងពីខ្ញុំនៅបន្ទាយមានជ័យកាលនោះ ក្នុងការជួយសហគមន៍ Google Maps ផងដែរ និងជាអ្នកជួយគួរផែនទីនៅខេត្តបន្ទាយមានជ័យយ៉ាងច្រើន។

    ដំបូងៗ ខ្ញុំក៏ដូចមនុស្សទូទៅ ប្រើ Google Maps សម្រាប់រកផ្លូវ ឬរកទីតាំងប៉ុណ្ណោះ។ ប៉ុន្តែពេលខ្ញុំចាប់ផ្តើមចូលរួមសហគមន៍ ដោយមានគ្រូម្នាក់កាលរៀននៅសាកលវិទ្យាល័យ គាត់ជាជនជាតិកូរ៉េ បានណែនាំខ្ញុំច្រើន។ ដោយសារខ្ញុំ និងគាត់ជិតស្និទ្ធ កាលនោះខ្ញុំចាំថាគាត់ចេះភាសាខ្មែរ តែអ្នករៀនជាមួយគ្នាស្តាប់មិនសូវបាន។ ខ្ញុំមានតួនាទីរៀនជាមួយគាត់ ហើយជួយពន្យល់បន្តទៅមិត្តភក្រផ្សេងៗទៀត។ គាត់បានណែនាំអោយខ្ញុំស្គាល់ Google Mapmaker, Twitter និងបច្ចេកវិទ្យាជាច្រើនផ្សេងទៀត។

    ចាប់តាំងពីពេលនោះ បន្តិចម្តងៗ ខ្ញុំមិនត្រឹមតែប្រើទេ ប៉ុន្តែចាប់ផ្តើមបន្ថែមទីតាំងដែលមិនទាន់មាន កែព័ត៌មានខុស និងព្យាយាមស្វែងយល់ ពីរបៀបដែលដំណើរការរបស់ Google Maps។ ខ្ញុំក៏បានស្គាល់អ្នកចូលរួមកែប្រែដូចគ្នា និងទំនាក់ទំនងគ្នារហូតមកដល់សព្វថ្ងៃ។ ខ្ញុំចាំបានថា កាលនោះផែនទីនៅលើ Google Maps ស្ទើរតែមិនមានព័ត៌មានច្រើនទេ។ ដោយសារខ្ញុំស្គាល់ភូមិសាស្ត្រក្នុងតំបន់ ខ្ញុំអាចគូរផ្លូវថ្មីបាន ព្រោះកាលនោះ Google Maps អនុញ្ញាតអោយគូរផ្លូវតាមរយៈ Google Mapmaker។ ខ្ញុំបានស្គាល់អ្នកចូលរួមគូរផ្លូវនៅលើ Google Mapmaker ហើយស្គាល់គ្នារហូតដល់បច្ចុប្បន្ន។ ក្រោយមក Google Mapmaker ត្រូវបានបិទ ហើយបន្តមក Local Guides Connect ត្រូវបានបើកដំណើរការ។ ខ្ញុំក៏បានចូលរួមសហគមន៍ Local Guides Connect ប៉ុន្តែកាលនោះខ្ញុំមិនសូវសកម្មទេ មានតែគណនីប៉ុណ្ណោះ។ ទើបតែមួយឆ្នាំចុងក្រោយនេះទេ ដែលខ្ញុំចាប់ផ្តើមសកម្មឡើងវិញ។

    តាមរយៈ Google Local Guides Connect ខ្ញុំបានជួបមនុស្សពីប្រទេសផ្សេងៗ បានឃើញថាសហគមន៍នៅប្រទេសដទៃសកម្មយ៉ាងណា ហើយខ្ញុំក៏សួរខ្លួនឯងថា ហេតុអ្វីកម្ពុជាយើងមិនអាចធ្វើបានដូចគេ?

    ក្នុងរយៈពេលចុងក្រោយនៃឆ្នាំ ២០២៥ ខ្ញុំបានរៀបចំ Meet-up ជាច្រើន បានចែករំលែកអំពី Google Maps និងបានចូលរួមក្នុងការប្រមូលទិន្នន័យករណីពាក់ព័ន្ធនឹងការប្រើ Maps និងការរំលោភបំពានផ្សេងៗ។ ក្នុងដំណើរនោះ ខ្ញុំបានឃើញផ្ទាល់ថា ផែនទីអាចមានឥទ្ធិពលលើសេដ្ឋកិច្ច និងជំរុញវិស័យទេសចរណ៍ក្នុងប្រទេសយ៉ាងណា។ នេះហើយជាមូលហេតុដែលធ្វើអោយខ្ញុំមិនមើល Google Maps ជាកម្មវិធីធម្មតាទេ ប៉ុន្តែជាវេទិកាសាធារណៈដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា។

    ឆ្នាំ ២០២៦ ខ្ញុំសម្រេចថា ខ្ញុំមិនត្រឹមតែចែករំលែកអំពី Google Maps តាមអនឡាញទេ ខ្ញុំចង់ជួបមនុស្សផ្ទាល់។ ខ្ញុំចង់អង្គុយជុំគ្នា បើក Laptop និងទូរស័ព្ទ ហើយមើលផែនទីប្រទេសយើងជាមួយគ្នា។ ដូច្នេះ ខ្ញុំបានបង្កើត Meetup មួយលើ Local Guides Connect មានឈ្មោះថា “Mastering Google Maps” ហើយដោយសារខ្ញុំមានបេសកកម្មទៅតាកែវរួចហើយ ខ្ញុំសម្រេចធ្វើវាពីរទីកន្លែង ក្នុងថ្ងៃតែមួយ។

    ព្រឹក – តាកែវ (9:00 AM – 11:00 AM)

    #2-2026: Mastering Google Maps – Community Sharing in Takeo

    ថ្ងៃទី: ថ្ងៃសៅរ៍ ទី 21 កុម្ភៈ 2026
    ម៉ោង: 9:00 ព្រឹក – 11:00 ព្រឹក
    ទីតាំង: ខេត្តតាកែវ
    រយៈពេល: 2 ម៉ោង (អនុវត្តជាក់ស្តែង)

    ព្រឹកថ្ងៃសៅរ៍ ទី 21 កុម្ភៈ 2026 ខ្ញុំនិងទៅតាកែវ ខ្ញុំនិងរៀបចំការជួបជុំតូចមួយ មានអ្នកចូលរួមប្រហែលប្រាំទៅដប់នាក់ តាមជាក់ស្ដែងមានអ្នកចាប់អារម្មណ៍ចូលរួមឬអត់ ប៉ុន្តែសម្រាប់ខ្ញុំ ចំនួនមិនមែនជារឿងសំខាន់ទេ។ អ្វីដែលសំខាន់ គឺការចាប់ផ្តើមសកម្មភាពសហគមន៍ឌី​ជីថល។ វាគ្រាន់តែជាការអង្គុយជុំគ្នា មិនមានការរៀបចំផ្លូវការអ្វីឡើយ មិនមានស្លាយធំៗ និងមិនមានពាក្យបច្ចេកទេសស្មុគស្មាញ។ ខ្ញុំគ្រាន់តែជជែកគ្នាពីរបៀបដែលពួកគេប្រើ Google Maps រាល់ថ្ងៃ។

    បន្ទាប់មក យើងចាប់ផ្តើមបើកផែនទីតាកែវមើលជាមួយគ្នា។ មានទីតាំងខ្លះដែលព័ត៌មានមិនទាន់គ្រប់ មានទីតាំងខ្លះម៉ោងបើកបិទមិនត្រឹមត្រូវ និងមានទីតាំងខ្លះមិនទាន់មានម្ចាស់មកគ្រប់គ្រង ឬមានអ្នកគ្រប់គ្រងខុស។ ពេលនោះ ខ្ញុំបានចែករំលែកលម្អិតថា ពួកគេមិនត្រឹមតែជាអ្នកប្រើប្រាស់ទេ ប៉ុន្តែអាចក្លាយជាអ្នកកែប្រែបាន។ ពួកគេអាចបន្ថែមទីតាំងលើ Google Maps អាចកែតម្រូវព័ត៌មាន (Suggest Edit) និងអាចសរសេរមតិយោបល់ (Review) ដែលមានប្រយោជន៍សម្រាប់អាជីវកម្មបាន។

    មានអ្នកខ្លះសាកល្បងបន្ថែមព័ត៌មានភ្លាមៗ មានអ្នកខ្លះសរសេរមតិយោបល់ (Review) ដោយត្រឹមត្រូវ និងលម្អិតជាងមុន។ ខ្ញុំបានឃើញថា ពេលមនុស្សយល់ថា ពួកគេអាចចូលរួមចំណែកបាន ពួកគេផ្លាស់ប្តូរពីអ្នកប្រើធម្មតា ទៅជាមនុស្សដែលមានទំនួលខុសត្រូវលើព័ត៌មានសាធារណៈ និងការចូលរួមចំណែកវិជ្ជមាន។

    ខ្ញុំក៏បាននិយាយអំពី Google Business Profile ដល់ពួកគេផងដែរ ព្រោះនៅខេត្ត អាជីវកម្មតូចៗជាច្រើនមិនដឹងថា ពួកគេអាចកាន់កាប់ទីតាំងឌីជីថលលើ Google Maps (Claim) ទីតាំងរបស់ខ្លួនបាន។ ពេលម្ចាស់ហាងមិនដឹង អ្នកផ្សេងអាចកែប្រែព័ត៌មានខុសៗបាន។ ពេលព័ត៌មានខុស អ្នកដំណើរខាតពេល ហើយអាជីវកម្មក៏ខាតឱកាសផងដែរ។ សម្រាប់ខ្ញុំ វាមិនមែនជារឿងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជារឿងសេដ្ឋកិច្ច និងទំនួលខុសត្រូវសង្គមផងដែរ។

    រសៀល – ភ្នំពេញ (3:00 PM – 5:00 PM, Chrong Baitong)

    #2-2026: Mastering Google Maps – Community Sharing in Phnom Penh

    ថ្ងៃទី: ថ្ងៃសៅរ៍ ទី 21 កុម្ភៈ 2026
    ម៉ោង: 3:00 រសៀល – 5:00 ល្ងាច
    ទីតាំង: Chrong Baitong, ផ្លូវ 60m ហ៊ុន សែន, ភ្នំពេញ
    រយៈពេល: 2 ម៉ោង (អនុវត្តជាក់ស្តែង)

    ក្រោយបញ្ចប់ការជួបជុំនៅតាកែវ ខ្ញុំធ្វើដំណើរត្រឡប់មកភ្នំពេញវិញនៅរសៀលថ្ងៃដូចគ្នា។ ខ្ញុំត្រូវជិះម៉ូតូមកភ្នំពេញ វាហាក់ដូចជាប្រញាប់បន្តិច ប៉ុន្តែដោយសារជាផ្លូវតែមួយ ហើយខ្ញុំចង់ឈ្លៀតពេលកុំអោយខាត ដូច្នេះ ខ្ញុំក៏សម្រេចបន្តកម្មវិធីនៅភ្នំពេញផងដែរ។

    ខ្ញុំបានរៀបចំការជួបជុំមួយទៀតនៅកាហ្វេ ជ្រុងបៃតង ចាប់ពីម៉ោង 3:00 រសៀល ដល់ម៉ោង 5:00 ល្ងាច។ វាជាការជួបជុំបែបអនុវត្តដូចគ្នា អ្នកចូលរួមត្រូវចំណាយថ្លៃកាហ្វេរៀងខ្លួន ហើយអ្នកដែលចាប់អារម្មណ៍ចូលរួម ត្រូវយកកុំព្យូទ័រ ថេប្លេត និងទូរស័ព្ទមក ដោយដំឡើង Google Maps ជាស្រេច។

    នៅភ្នំពេញ បញ្ហាផែនទីមានលក្ខណៈខុសពីខេត្ត។ មានទីតាំងជាន់គ្នា (Duplicate) មតិយោបល់ (Review) ខ្លះមិនសមរម្យ ឬមិនមានគុណភាព ហើយមានអាជីវកម្មជាច្រើនដែលមិនទាន់ស្នើសុំ (Claim) ទីតាំង។ ការពិភាក្សាក៏ស៊ីជម្រៅជាងមុន ព្រោះអ្នកចូលរួមខ្លះបានប្រើ Google Maps យូរមកហើយ ប៉ុន្តែមិនធ្លាប់គិតពីផលប៉ះពាល់នៃ Rating ឬមតិយោបល់ដែលពួកគេសរសេរ។

    ខ្ញុំបាននិយាយថា ពាក្យមួយឃ្លាអាចប៉ះពាល់ដល់អាជីវកម្មមួយបាន។ Review មិនមែនសរសេរដើម្បីអោយបានពិន្ទុទេ ប៉ុន្តែសរសេរដើម្បីជួយអ្នកដទៃធ្វើសេចក្តីសម្រេចចិត្ត។ ពេលយើងសរសេរដោយមានទំនួលខុសត្រូវ វាមិនត្រឹមតែជួយអ្នកប្រើ Maps ទេ ប៉ុន្តែជួយអាជីវកម្ម និងសហគមន៍ទាំងមូលផងដែរ។

    Meet-up ទាំងពីរនេះ មិនមែនជាព្រឹត្តិការណ៍ធំទេ ប៉ុន្តែសម្រាប់ខ្ញុំ វាជាជំហានមួយក្នុងបេសកកម្មធំជាងនេះ។ ខ្ញុំចង់អោយសហគមន៍ Local Guides នៅកម្ពុជា មានសកម្មភាពពិតប្រាកដ មិនត្រឹមតែមានឈ្មោះនៅលើ Profile ប៉ុណ្ណោះ។ ខ្ញុំចង់អោយមានការជួបគ្នា ការចែករំលែក ការសហការណ៍ និងការគាំទ្រគ្នា។ ខ្ញុំចង់អោយមនុស្សយល់ថា ផែនទីប្រទេសយើង មិនមែនជារបស់អ្នកណាម្នាក់ឯងទេ ប៉ុន្តែជារបស់យើងទាំងអស់គ្នា។

    ខ្ញុំមិនធ្វើ Meetup ដើម្បីបង្ហាញថាខ្ញុំសកម្មប៉ុន្មានទេ។ ខ្ញុំធ្វើវា ព្រោះខ្ញុំជឿថា បើគ្មានអ្នកចាប់ផ្តើម វានឹងនៅស្ងៀមដដែល។ បើថ្ងៃណាមួយ មានអ្នកផ្សេងរៀបចំ Meetup នៅខេត្តផ្សេងៗ ដោយមិនចាំបាច់មានខ្ញុំ នោះវាជាជោគជ័យពិតប្រាកដសម្រាប់សហគមន៍យើង។

    ការចាប់ផ្តើមពីតាកែវ មកភ្នំពេញ ក្នុងថ្ងៃតែមួយ សម្រាប់ខ្ញុំ មិនមែនជាការធ្វើពីរព្រឹត្តិការណ៍ទេ ប៉ុន្តែជាការបញ្ជាក់មួយថា សហគមន៍អាចរីកចម្រើន ប្រសិនបើយើងសម្រេចចិត្តចាប់ផ្តើម។

    ដោយក្ដីជឿលើការចែករំលែក និងសហគមន៍

  • សាច់រឿងខ្ញុំ និងការចូលរួមសហគមន៍បកប្រែភាសាខ្មែរ

    សាច់រឿងខ្ញុំ និងការចូលរួមសហគមន៍បកប្រែភាសាខ្មែរ

    បើត្រឡប់មកមើលអតីតកាលវិញ ប្រហែលជាមិនមានមនុស្សជាច្រើននឹកស្មានថា ការចាប់ផ្ដើមតូចៗមួយនៅឆ្នាំ២០១០ អាចនាំអោយខ្ញុំដើរមកដល់ផ្លូវដែលខ្ញុំកំពុងឈរនៅថ្ងៃនេះ។ កាលនោះ អ៊ីនធឺណិតមិនមែនជារឿងងាយស្រួលដូចសព្វថ្ងៃទេ ទាំងលទ្ធភាពប្រើប្រាស់ កាលនោះគឺប្រើអ៊ីនធើណិនៅតាមទូនៅឡើយ ភាគច្រើនកន្លែងអ៊ីនធើណិតនៅខេត្ត គឺកន្លែងខលទៅក្រៅប្រទេស។ កាលសម័យកាលខ្ញុំ ការស្រាវជ្រាវបច្ចេកវិទ្យា មិនមែនមានលទ្ធភាពចូល Yahoo, Google ឬ YouTube ទេ ប៉ុន្តែកើតឡើងលើទំព័រទស្សនាវដ្តីព័ត៌មានវិទ្យា សៀវភៅរបស់ វិទ្យាស្ថានបើកទូលាយ គម្រោង KhmerOS – Khmer Software Initiative សៀវភៅខ្លះមាននៅសាកលវិទ្យាល័យដែលខ្ញុំរៀន តែទស្សនាវដ្ដីខ្ញុំត្រូវសន្សំលុយរៀងរាល់ខែ ដើម្បីអាចទិញមកអាន ប្រហែលជា ៤០០០៛ – ៦០០០៛ ក្នុងមួយច្បាប់ ហើយមួយខែចេញមួយលេខ។

    នៅក្នុងទស្សនាវដ្តីសម័យខ្ញុំនោះ ខ្ញុំបានឃើញអ្វីដែលធ្វើអោយចិត្តខ្ញុំរំភើបខ្លាំង។ វាមិនមែនជាឧបករណ៍ថ្មី ឬបច្ចេកវិទ្យាខ្ពស់ណាមួយទេ ប៉ុន្តែជាកម្មវិធីដែលប្រើប្រាស់ភាសាខ្មែរ ដូចជា “កម្មវិធីស្លឹករិត” “មកម្មវិធីមយូរា” និងកម្មវិធីជាច្រើនផ្សេងទៀត។ សម្រាប់មនុស្សម្នាក់ដែលធំឡើងជាមួយភាសាខ្មែរ ការឃើញភាសារបស់ខ្លួនមានទីតាំងនៅលើអេក្រង់កុំព្យូទ័រ គឺជារឿងមានអត្ថន័យខ្លាំងណាស់។ វាមិនមែនគ្រាន់តែជាអក្សរនោះទេ ប៉ុន្តែជាការបញ្ជាក់ថា ភាសារបស់យើងអាចរស់នៅក្នុងពិភពបច្ចេកវិទ្យាបាន។

    ចាប់ពីពេលនោះមក ខ្ញុំមិនត្រឹមតែប្រើកម្មវិធីទាំងនោះទេ ប៉ុន្តែចាប់ផ្ដើមសួរខ្លួនឯងថា “នរណាជាអ្នកធ្វើវា?” “តើអ្នកនៅពីក្រោយសាច់រឿងទាំងនេះជានរណា?”។ ការចង់ដឹងនេះបាននាំអោយខ្ញុំស្រាវជ្រាវ បន្តសួរ បន្តអាន រហូតស្គាល់មនុស្ស និងក្រុមដែលកំពុងធ្វើការងារមូលដ្ឋានីយកម្ម ឬ localization សម្រាប់ភាសាខ្មែរ។

    ដំណើរនេះកាន់តែរំភើបខ្លាំងនៅឆ្នាំ២០១២ ពេលដែលខ្ញុំមានឱកាសមកភ្នំពេញ និងចូលរួមកម្មវិធី BarCamp Phnom Penh ២០១២ ជាលើកដំបូង ក្នុងនាមជាអ្នកស្ម័គ្រចិត្ត។ វាមិនមែនគ្រាន់តែជាព្រឹត្តិការណ៍បច្ចេកវិទ្យាទេ ប៉ុន្តែជាកន្លែងដែលខ្ញុំបានជួបមនុស្សដែលខ្ញុំធ្លាប់អានអំពីពួកគាត់ តាមទស្សនាវដ្តី និងអ៊ីនធឺណិត។ ការសន្ទនាផ្ទាល់ បច្ចេកវិទ្យា ពីនេះពីនោះ អំពី localization ការបកប្រែជាសហគមន៍ និងអនាគតភាសាខ្មែរក្នុងបច្ចេកវិទ្យា បានធ្វើអោយខ្ញុំយល់ថា នេះអ្វីដែលខ្ញុំរីករាយនិងធ្វើដើម្បីសហគមន៍ និងសង្គមជាតិរបស់ខ្ញុំ ដែលខ្ញុំអាចចូលរួមបាន។

    កាលនោះ បរិយាកាសសហគមន៍ពិតជាមានភាពហ៊ឺហា និងពោរពេញដោយសុទិដ្ឋិនិយម។ ស្រុកខ្មែរយើងមានអ្នកតំណាងគម្រោង Mozilla ដែលធ្វើអោយមនុស្សជាច្រើនមានក្តីសង្ឃឹមថា ភាសាខ្មែរ និងសហគមន៍បកប្រែអាចទៅឆ្ងាយជាងនេះ។ ទោះបីជាការចូលរួមជាផ្លូវការនៅពេលនោះនៅមានកម្រិត ក៏វាបានដាក់គ្រាប់ពូជមួយនៅក្នុងចិត្តខ្ញុំហើយ។

    រហូតដល់ឆ្នាំ២០១៦ ការចូលរួមសហគមន៍បកប្រែបានចាប់ផ្ដើមបើកទូលាយជាងមុន និងនៅឆ្នាំ២០២០ ខ្ញុំអាចនិយាយបានថា ខ្ញុំបានចូលរួមពេញលេញ។ ចាប់ពីពេលនោះមក ការបកប្រែមិនមែនជារឿងសាកល្បង ឬចូលរួមតាមចិត្តទៀតទេ ប៉ុន្តែជាការងារស្ម័គ្រចិត្តដែលមានការទទួលខុសត្រូវ មានស្តង់ដារ និងត្រូវការការសហការជាមួយអ្នកដទៃ។ ពាក្យមួយៗដែលបកប្រែ មិនមែនគ្រាន់តែត្រឹមត្រូវតាមវចនានុក្រមទេ ប៉ុន្តែត្រូវសមស្របនឹងបរិបទ វប្បធម៌ និងការប្រើប្រាស់ពិតប្រាកដរបស់អ្នកប្រើប្រាស់ខ្មែរ។

    អ្វីដែលខ្ញុំបានរៀនសូត្រពីដំណើរនេះ គឺការយល់ថា ភាសា និងបច្ចេកវិទ្យាមិនអាចដាច់ពីគ្នាបានទេ។ បើគ្មានភាសា បច្ចេកវិទ្យានឹងក្លាយជារឿងឆ្ងាយសម្រាប់មនុស្សភាគច្រើន ហើយបើគ្មានបច្ចេកវិទ្យា ភាសាក៏អាចត្រូវគេបំភ្លេចនៅក្នុងពិភពឌីជីថល។ ការបកប្រែជាសហគមន៍ បានបង្រៀនខ្ញុំអំពីការធ្វើការជាក្រុម ការគោរពគ្នាទៅវិញទៅមក ការពិភាក្សាដោយហេតុផល និងការយល់ថា មិនមានចម្លើយត្រឹមត្រូវតែមួយសម្រាប់ពាក្យទាំងអស់នោះទេ។

    នៅថ្ងៃនេះ ពេលខ្ញុំមើលត្រឡប់ទៅវិញ ខ្ញុំមិនឃើញតែការបកប្រែពាក្យៗទេ ប៉ុន្តែឃើញដំណើរមួយដែលបានបង្កើតអត្តសញ្ញាណរបស់ខ្ញុំក្នុងពិភពឌីជីថល។ វាជាដំណើរដែលចាប់ផ្ដើមពីទស្សនាវដ្តី IT មួយក្បាល បន្តមកជាសហគមន៍ បន្តមកជាការចូលរួមយ៉ាងសកម្ម និងបន្តទៅជាការទទួលខុសត្រូវចំពោះភាសាខ្មែរ។ ដំណើរនេះមិនទាន់ចប់ទេ ហើយខ្ញុំជឿថា នៅពេលដែលមានមនុស្សថ្មីៗចូលរួម សាច់រឿងនៃភាសាខ្មែរ ក្នុងបច្ចេកវិទ្យា នឹងត្រូវសរសេរបន្តទៅមុខទៀត។

    បច្ចុប្បន្ននេះខ្ញុំនៅតែបន្តការបកប្រែ និងក្លាយជាអ្នកជួយតម្រង់ផ្លូវក្នុងការបកប្រែសម្រាប់ជំនាន់ក្រោយ

    មកស្ដាប់សាច់រឿងទាំងអស់នោះ៖​


    តំណចូលរួមបកប្រែ៖ ចុចទីនេះ

    តាមដានសហគមន៍​ ក្រុមតេឡេក្រាម