អ្នកទាំងអស់គ្នាអាចស្គាល់ខ្ញុំតាមវីដេអូ ឬការចែករំលែកអំពីសុវត្ថិភាពឌីជីថល និង Google Maps ប៉ុន្តែសម្រាប់ខ្ញុំ Google Maps មិនមែនជារឿងថ្មីដែលខ្ញុំទើបនិយាយឡើងទេ។ វាជាដំណើរសាច់រឿងដែលដើរជាមួយខ្ញុំមកយូរហើយ មិនត្រឹមតែជាអ្នកប្រើប្រាស់ទេ ប៉ុន្តែជាអ្នកចូលរួមកែប្រែ តាំងពីខ្ញុំនៅបន្ទាយមានជ័យកាលនោះ ក្នុងការជួយសហគមន៍ Google Maps ផងដែរ និងជាអ្នកជួយគួរផែនទីនៅខេត្តបន្ទាយមានជ័យយ៉ាងច្រើន។

ដំបូងៗ ខ្ញុំក៏ដូចមនុស្សទូទៅ ប្រើ Google Maps សម្រាប់រកផ្លូវ ឬរកទីតាំងប៉ុណ្ណោះ។ ប៉ុន្តែពេលខ្ញុំចាប់ផ្តើមចូលរួមសហគមន៍ ដោយមានគ្រូម្នាក់កាលរៀននៅសាកលវិទ្យាល័យ គាត់ជាជនជាតិកូរ៉េ បានណែនាំខ្ញុំច្រើន។ ដោយសារខ្ញុំ និងគាត់ជិតស្និទ្ធ កាលនោះខ្ញុំចាំថាគាត់ចេះភាសាខ្មែរ តែអ្នករៀនជាមួយគ្នាស្តាប់មិនសូវបាន។ ខ្ញុំមានតួនាទីរៀនជាមួយគាត់ ហើយជួយពន្យល់បន្តទៅមិត្តភក្រផ្សេងៗទៀត។ គាត់បានណែនាំអោយខ្ញុំស្គាល់ Google Mapmaker, Twitter និងបច្ចេកវិទ្យាជាច្រើនផ្សេងទៀត។

ចាប់តាំងពីពេលនោះ បន្តិចម្តងៗ ខ្ញុំមិនត្រឹមតែប្រើទេ ប៉ុន្តែចាប់ផ្តើមបន្ថែមទីតាំងដែលមិនទាន់មាន កែព័ត៌មានខុស និងព្យាយាមស្វែងយល់ ពីរបៀបដែលដំណើរការរបស់ Google Maps។ ខ្ញុំក៏បានស្គាល់អ្នកចូលរួមកែប្រែដូចគ្នា និងទំនាក់ទំនងគ្នារហូតមកដល់សព្វថ្ងៃ។ ខ្ញុំចាំបានថា កាលនោះផែនទីនៅលើ Google Maps ស្ទើរតែមិនមានព័ត៌មានច្រើនទេ។ ដោយសារខ្ញុំស្គាល់ភូមិសាស្ត្រក្នុងតំបន់ ខ្ញុំអាចគូរផ្លូវថ្មីបាន ព្រោះកាលនោះ Google Maps អនុញ្ញាតអោយគូរផ្លូវតាមរយៈ Google Mapmaker។ ខ្ញុំបានស្គាល់អ្នកចូលរួមគូរផ្លូវនៅលើ Google Mapmaker ហើយស្គាល់គ្នារហូតដល់បច្ចុប្បន្ន។ ក្រោយមក Google Mapmaker ត្រូវបានបិទ ហើយបន្តមក Local Guides Connect ត្រូវបានបើកដំណើរការ។ ខ្ញុំក៏បានចូលរួមសហគមន៍ Local Guides Connect ប៉ុន្តែកាលនោះខ្ញុំមិនសូវសកម្មទេ មានតែគណនីប៉ុណ្ណោះ។ ទើបតែមួយឆ្នាំចុងក្រោយនេះទេ ដែលខ្ញុំចាប់ផ្តើមសកម្មឡើងវិញ។
តាមរយៈ Google Local Guides Connect ខ្ញុំបានជួបមនុស្សពីប្រទេសផ្សេងៗ បានឃើញថាសហគមន៍នៅប្រទេសដទៃសកម្មយ៉ាងណា ហើយខ្ញុំក៏សួរខ្លួនឯងថា ហេតុអ្វីកម្ពុជាយើងមិនអាចធ្វើបានដូចគេ?
ក្នុងរយៈពេលចុងក្រោយនៃឆ្នាំ ២០២៥ ខ្ញុំបានរៀបចំ Meet-up ជាច្រើន បានចែករំលែកអំពី Google Maps និងបានចូលរួមក្នុងការប្រមូលទិន្នន័យករណីពាក់ព័ន្ធនឹងការប្រើ Maps និងការរំលោភបំពានផ្សេងៗ។ ក្នុងដំណើរនោះ ខ្ញុំបានឃើញផ្ទាល់ថា ផែនទីអាចមានឥទ្ធិពលលើសេដ្ឋកិច្ច និងជំរុញវិស័យទេសចរណ៍ក្នុងប្រទេសយ៉ាងណា។ នេះហើយជាមូលហេតុដែលធ្វើអោយខ្ញុំមិនមើល Google Maps ជាកម្មវិធីធម្មតាទេ ប៉ុន្តែជាវេទិកាសាធារណៈដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា។

ឆ្នាំ ២០២៦ ខ្ញុំសម្រេចថា ខ្ញុំមិនត្រឹមតែចែករំលែកអំពី Google Maps តាមអនឡាញទេ ខ្ញុំចង់ជួបមនុស្សផ្ទាល់។ ខ្ញុំចង់អង្គុយជុំគ្នា បើក Laptop និងទូរស័ព្ទ ហើយមើលផែនទីប្រទេសយើងជាមួយគ្នា។ ដូច្នេះ ខ្ញុំបានបង្កើត Meetup មួយលើ Local Guides Connect មានឈ្មោះថា “Mastering Google Maps” ហើយដោយសារខ្ញុំមានបេសកកម្មទៅតាកែវរួចហើយ ខ្ញុំសម្រេចធ្វើវាពីរទីកន្លែង ក្នុងថ្ងៃតែមួយ។

ព្រឹក – តាកែវ (9:00 AM – 11:00 AM)
#2-2026: Mastering Google Maps – Community Sharing in Takeo
ថ្ងៃទី: ថ្ងៃសៅរ៍ ទី 21 កុម្ភៈ 2026
ម៉ោង: 9:00 ព្រឹក – 11:00 ព្រឹក
ទីតាំង: ខេត្តតាកែវ
រយៈពេល: 2 ម៉ោង (អនុវត្តជាក់ស្តែង)
ព្រឹកថ្ងៃសៅរ៍ ទី 21 កុម្ភៈ 2026 ខ្ញុំនិងទៅតាកែវ ខ្ញុំនិងរៀបចំការជួបជុំតូចមួយ មានអ្នកចូលរួមប្រហែលប្រាំទៅដប់នាក់ តាមជាក់ស្ដែងមានអ្នកចាប់អារម្មណ៍ចូលរួមឬអត់ ប៉ុន្តែសម្រាប់ខ្ញុំ ចំនួនមិនមែនជារឿងសំខាន់ទេ។ អ្វីដែលសំខាន់ គឺការចាប់ផ្តើមសកម្មភាពសហគមន៍ឌីជីថល។ វាគ្រាន់តែជាការអង្គុយជុំគ្នា មិនមានការរៀបចំផ្លូវការអ្វីឡើយ មិនមានស្លាយធំៗ និងមិនមានពាក្យបច្ចេកទេសស្មុគស្មាញ។ ខ្ញុំគ្រាន់តែជជែកគ្នាពីរបៀបដែលពួកគេប្រើ Google Maps រាល់ថ្ងៃ។
បន្ទាប់មក យើងចាប់ផ្តើមបើកផែនទីតាកែវមើលជាមួយគ្នា។ មានទីតាំងខ្លះដែលព័ត៌មានមិនទាន់គ្រប់ មានទីតាំងខ្លះម៉ោងបើកបិទមិនត្រឹមត្រូវ និងមានទីតាំងខ្លះមិនទាន់មានម្ចាស់មកគ្រប់គ្រង ឬមានអ្នកគ្រប់គ្រងខុស។ ពេលនោះ ខ្ញុំបានចែករំលែកលម្អិតថា ពួកគេមិនត្រឹមតែជាអ្នកប្រើប្រាស់ទេ ប៉ុន្តែអាចក្លាយជាអ្នកកែប្រែបាន។ ពួកគេអាចបន្ថែមទីតាំងលើ Google Maps អាចកែតម្រូវព័ត៌មាន (Suggest Edit) និងអាចសរសេរមតិយោបល់ (Review) ដែលមានប្រយោជន៍សម្រាប់អាជីវកម្មបាន។
មានអ្នកខ្លះសាកល្បងបន្ថែមព័ត៌មានភ្លាមៗ មានអ្នកខ្លះសរសេរមតិយោបល់ (Review) ដោយត្រឹមត្រូវ និងលម្អិតជាងមុន។ ខ្ញុំបានឃើញថា ពេលមនុស្សយល់ថា ពួកគេអាចចូលរួមចំណែកបាន ពួកគេផ្លាស់ប្តូរពីអ្នកប្រើធម្មតា ទៅជាមនុស្សដែលមានទំនួលខុសត្រូវលើព័ត៌មានសាធារណៈ និងការចូលរួមចំណែកវិជ្ជមាន។
ខ្ញុំក៏បាននិយាយអំពី Google Business Profile ដល់ពួកគេផងដែរ ព្រោះនៅខេត្ត អាជីវកម្មតូចៗជាច្រើនមិនដឹងថា ពួកគេអាចកាន់កាប់ទីតាំងឌីជីថលលើ Google Maps (Claim) ទីតាំងរបស់ខ្លួនបាន។ ពេលម្ចាស់ហាងមិនដឹង អ្នកផ្សេងអាចកែប្រែព័ត៌មានខុសៗបាន។ ពេលព័ត៌មានខុស អ្នកដំណើរខាតពេល ហើយអាជីវកម្មក៏ខាតឱកាសផងដែរ។ សម្រាប់ខ្ញុំ វាមិនមែនជារឿងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជារឿងសេដ្ឋកិច្ច និងទំនួលខុសត្រូវសង្គមផងដែរ។
រសៀល – ភ្នំពេញ (3:00 PM – 5:00 PM, Chrong Baitong)
#2-2026: Mastering Google Maps – Community Sharing in Phnom Penh
ថ្ងៃទី: ថ្ងៃសៅរ៍ ទី 21 កុម្ភៈ 2026
ម៉ោង: 3:00 រសៀល – 5:00 ល្ងាច
ទីតាំង: Chrong Baitong, ផ្លូវ 60m ហ៊ុន សែន, ភ្នំពេញ
រយៈពេល: 2 ម៉ោង (អនុវត្តជាក់ស្តែង)

ក្រោយបញ្ចប់ការជួបជុំនៅតាកែវ ខ្ញុំធ្វើដំណើរត្រឡប់មកភ្នំពេញវិញនៅរសៀលថ្ងៃដូចគ្នា។ ខ្ញុំត្រូវជិះម៉ូតូមកភ្នំពេញ វាហាក់ដូចជាប្រញាប់បន្តិច ប៉ុន្តែដោយសារជាផ្លូវតែមួយ ហើយខ្ញុំចង់ឈ្លៀតពេលកុំអោយខាត ដូច្នេះ ខ្ញុំក៏សម្រេចបន្តកម្មវិធីនៅភ្នំពេញផងដែរ។
ខ្ញុំបានរៀបចំការជួបជុំមួយទៀតនៅកាហ្វេ ជ្រុងបៃតង ចាប់ពីម៉ោង 3:00 រសៀល ដល់ម៉ោង 5:00 ល្ងាច។ វាជាការជួបជុំបែបអនុវត្តដូចគ្នា អ្នកចូលរួមត្រូវចំណាយថ្លៃកាហ្វេរៀងខ្លួន ហើយអ្នកដែលចាប់អារម្មណ៍ចូលរួម ត្រូវយកកុំព្យូទ័រ ថេប្លេត និងទូរស័ព្ទមក ដោយដំឡើង Google Maps ជាស្រេច។
នៅភ្នំពេញ បញ្ហាផែនទីមានលក្ខណៈខុសពីខេត្ត។ មានទីតាំងជាន់គ្នា (Duplicate) មតិយោបល់ (Review) ខ្លះមិនសមរម្យ ឬមិនមានគុណភាព ហើយមានអាជីវកម្មជាច្រើនដែលមិនទាន់ស្នើសុំ (Claim) ទីតាំង។ ការពិភាក្សាក៏ស៊ីជម្រៅជាងមុន ព្រោះអ្នកចូលរួមខ្លះបានប្រើ Google Maps យូរមកហើយ ប៉ុន្តែមិនធ្លាប់គិតពីផលប៉ះពាល់នៃ Rating ឬមតិយោបល់ដែលពួកគេសរសេរ។
ខ្ញុំបាននិយាយថា ពាក្យមួយឃ្លាអាចប៉ះពាល់ដល់អាជីវកម្មមួយបាន។ Review មិនមែនសរសេរដើម្បីអោយបានពិន្ទុទេ ប៉ុន្តែសរសេរដើម្បីជួយអ្នកដទៃធ្វើសេចក្តីសម្រេចចិត្ត។ ពេលយើងសរសេរដោយមានទំនួលខុសត្រូវ វាមិនត្រឹមតែជួយអ្នកប្រើ Maps ទេ ប៉ុន្តែជួយអាជីវកម្ម និងសហគមន៍ទាំងមូលផងដែរ។
Meet-up ទាំងពីរនេះ មិនមែនជាព្រឹត្តិការណ៍ធំទេ ប៉ុន្តែសម្រាប់ខ្ញុំ វាជាជំហានមួយក្នុងបេសកកម្មធំជាងនេះ។ ខ្ញុំចង់អោយសហគមន៍ Local Guides នៅកម្ពុជា មានសកម្មភាពពិតប្រាកដ មិនត្រឹមតែមានឈ្មោះនៅលើ Profile ប៉ុណ្ណោះ។ ខ្ញុំចង់អោយមានការជួបគ្នា ការចែករំលែក ការសហការណ៍ និងការគាំទ្រគ្នា។ ខ្ញុំចង់អោយមនុស្សយល់ថា ផែនទីប្រទេសយើង មិនមែនជារបស់អ្នកណាម្នាក់ឯងទេ ប៉ុន្តែជារបស់យើងទាំងអស់គ្នា។
ខ្ញុំមិនធ្វើ Meetup ដើម្បីបង្ហាញថាខ្ញុំសកម្មប៉ុន្មានទេ។ ខ្ញុំធ្វើវា ព្រោះខ្ញុំជឿថា បើគ្មានអ្នកចាប់ផ្តើម វានឹងនៅស្ងៀមដដែល។ បើថ្ងៃណាមួយ មានអ្នកផ្សេងរៀបចំ Meetup នៅខេត្តផ្សេងៗ ដោយមិនចាំបាច់មានខ្ញុំ នោះវាជាជោគជ័យពិតប្រាកដសម្រាប់សហគមន៍យើង។
ការចាប់ផ្តើមពីតាកែវ មកភ្នំពេញ ក្នុងថ្ងៃតែមួយ សម្រាប់ខ្ញុំ មិនមែនជាការធ្វើពីរព្រឹត្តិការណ៍ទេ ប៉ុន្តែជាការបញ្ជាក់មួយថា សហគមន៍អាចរីកចម្រើន ប្រសិនបើយើងសម្រេចចិត្តចាប់ផ្តើម។
ដោយក្ដីជឿលើការចែករំលែក និងសហគមន៍



















